សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីស្តីពីការពង្រឹងការគ្រប់គ្រងប្រមូលពន្ធប្រដាប់ត្រានៅរាជធានីភ្នំពេញ និងបណ្តាខេត្តទាំង២៤ ដែលទើបនឹងដាក់ចូលក្រសួងដែនដីនគរូបនីយកម្ម និងសំណង់នៅខែមករា ឆ្នាំ២០១៧ នេះ បានប្រាប់ទៅដល់អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ត្រូវបញ្ឈប់ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ទាំងអស់ ដែលមិនបានបង់ពន្ធប្រថាប់ត្រា។
អចលនទ្រព្យដែលពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធ) ដែលបានផ្ទេរសិទ្ធិកាន់កាប់នៅថ្នាក់ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ដែលមានសាវតាផ្ទេរបន្តដៃគ្នាច្រើនដងមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ អនុញ្ញាតឲ្យបង់ពន្ធប្រថាប់ត្រាតែមួយលើកចុងក្រោយ ដោយអនុគ្រោះឲ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ៦រយលានរៀល ប្រហែល ប្រមាណ ១៥ម៉ឺនដុល្លារ សម្រាប់តែអចលនទ្រព្យដែលបានស្នើសុំចុះបញ្ជីដំបូងនៅរដ្ឋបាលសុរិយោដី ប៉ុណ្ណោះ។
សេចក្តីជូនដំណឹង បានបញ្ជាក់ថា ការផ្តល់អនុគ្រោះឲ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ៦រយលានរៀលនេះ គឺមានសុពលភាពអនុវត្តសម្រាប់តែអចលនទ្រព្យ ដែលបានស្នើសុំចុះបញ្ជីដំបូងនៅរដ្ឋបាលសុរិយោដីត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ដោយឡែកអចលនទ្រព្យ ដែលពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ដែលបានផ្ទេរសិទ្ធិ កាន់កាប់បន្តដៃគ្នាជាច្រើនដងមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ត្រូវបង់ពន្ធប្រថាប់ត្រាមួយដងលើកចុងក្រោយ (ដោយមិនអនុញ្ញាតឲ្យដកនូវមូលដ្ឋានគិតពន្ធ ៦រយលានរៀល ដូចអចលនទ្រព្យ ដែលបានស្នើចុះបញ្ជីនោះ ឡើយ)។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការកំណត់ថ្មីលើការប្រមូលពន្ធប្រថាប់ត្រាអចលនទ្រព្យនេះ ដើម្បីពង្រឹង ការគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព អស់សក្តានុពល និងផ្តល់ សេវាបង់ពន្ធនេះ ឲ្យកាន់តែមានភាពងាយស្រួល ព្រមទាំងជំរុញលើកទឹកចិត្តដល់ការចុះបញ្ជីដំបូងនៅរដ្ឋបាល សុរិយោដី៕
0 comments:
Post a Comment